ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ចំពោះការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាប៉ារ៉ាហ្គេម លើកទី១ ឆ្នាំ២០២២

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយបេសកកម្មស្តីពីការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាប៉ារ៉ាហ្គេម លើកទី១ ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការចំពោះកិច្ច បុគ្គលិកអប់រំ អង្គភាពជំនាញ ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នទាំង៣ និងសហព័ន្ធកីឡាជាតិទាំង៣៨ លោក លោកស្រី តំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត និងជានាយបេសកកម្ម សម្រាប់ការពន្លឿនក្នុងការរៀបចំរួចរាល់ត្រៀមការប្រកួត នាពេលខាងមុខ។

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានផ្ដល់អនុសាសន៍ដល់អង្គប្រជុំទាំងមូល ចំនួន ៥ចំណុច ដើម្បីត្រៀមខ្លួនមុននឹងការប្រកួតឈានមកដល់ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដូចខាងក្រោម ៖

១. គណៈកម្មការចំពោះកិច្ច សូមបន្តនិងបញ្ចប់ការងារដែលសេសសល់ និងឈានទៅការត្រៀមខ្លួនរួចរាល់ក្នុងការប្រកួត ក៏ដូចជាពិធីបើក ។
មួយវិញទៀតយើងត្រូវតែមានទីបញ្ជាការស្រាល ជាមុន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដើម្បីកាត់បន្ថយហានិភ័យក្នុងពេលប្រកួត។

២. សហព័ន្ធកីឡាជាតិ ទាំង៣៨ ត្រូវគិតថាខ្លួនជាអ្នករៀបចំការប្រកួត និងទទួលយកនូវភាពជាម្ចាស់ក្នុងការរៀបចំ ទាំងការងាររដ្ឋបាល បច្ចេកទេស និងការរៀបចំពិធីបំពាក់មេដាយ ជូនដល់អត្តពលិកជ័យលាភី ក្នុងប្រភេទកីឡារបស់ខ្លួន ដើម្បីជាការហាត់រៀនសម្រាប់ជាទុនក្នុងការប្រកួតស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា។

៣. ប្រតិភូកីឡា ថ្នាក់ដឹកនាំ នាយបេសកកម្ម គ្រូបង្វឹក ត្រូវតែរៀបចំឱ្យរួចរាល់ក្នុងការរៀបចំក្រុមកីឡារបស់ខ្លួន ក្នុងការមកកាន់រាជធានីភ្នំពេញ និងចូលទៅកាន់កន្លែងស្នាក់នៅ ហូបចុក ដែលបានរៀបចំ ណែនាំអត្តពលិកក្រុមរបស់ខ្លួន សូមឱ្យរក្សាបានរបៀបរៀបរយ ចូលរួមប្រកួតដោយមានសីលធម៌ រក្សាបាននូវមិត្តភាព សាម
គ្គីភាព ទំនាក់ទំនងល្អរវាងមិត្តរួមក្រុម គូប្រកួត អ្នកចូលរួម និងបន្តរក្សានូវវិធានការសុខាភិបាល ថែរក្សាទ្រព្យសម្បត្តិ សម្ភារៈនៅក្នុងទីលានប្រកួតនិងកន្លែងហូបចុក ស្នាក់នៅ និងមធ្យោបាយធ្វើដំណើរ។

៤. ប្រតិភូកីឡា ថ្នាក់ដឹកនាំ នាយបេសកកម្ម គ្រូបង្វឹក អត្តពលិក សូមចូលរួមគោរពតាមសេចក្តីណែនាំរបស់គណៈកម្មការរៀបចំការប្រកួត ត្រូវចូលរួមក្នុងពិធីបើកបិទ និងពិធីបំពាក់មេដាយនានា ដែលត្រូវបានអញ្ជើញដោយគណៈកម្មការរៀបចំការប្រកួត។

៥. គណៈកម្មការរៀបចំការប្រកួត និងអ្នកចូលរួមទាំងអស់ ត្រូវតែដើរតួរជាគំរូ (Role Models) ត្រូវមានភាពច្បាស់លាស់ ហើយមិនលំអៀងជាដាច់ខាត សម្រាប់បង្ហាញភាពសក្ដិសមក្នុងការត្រៀមខ្លួនជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា នាពេលខាងមុខ។

ឯកឧត្តម ស សុខា ក៏ថ្លែងបានបន្តទៀតថា នេះជាព្រឹត្តិការណ៍កីឡាជាតិដ៏ធំមួយ និងជាប្រវត្តិសាស្ត្រ ជាមុខមាត់របស់ប្រទេសជាតិទាំងមូល ។ ដូចនេះគណៈកម្មាធិការគ្រប់ផ្នែកទាំងអស់ ត្រូវរៀបចំខ្លួនគោរពទៅតាមតួនាទី ជាពិសេសត្រូវសហការជាមួយកម្លាំងអាជ្ញាធរ ដើម្បីជួយសម្រួលដល់ការប្រកួត។ ត្រូវរៀបចំកិច្ចប្រជុំបន្ទាប់ពីប្រកួតចប់ ដើម្បីទទួលយកនៅចំណុចខ្វះខាត យកមកដោះស្រាយ និងវាយតម្លៃបូកសរុបការងារ ព្រមទាំងលទ្ធផលដែលទទួលបាន ត្រូវទទួលយកភាពជោគជ័យ និងមិនអាចបរាជ័យជាដាច់ខាត។

សូមបញ្ជាក់ដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក កម្ពុជា រួមជាមួយសហព័ន្ធកីឡាជាតិ ចំនួន ៣៨ បានជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកស្នេហាវិស័យកីឡាទាំងអស់ថា ក្រសួង បានរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមាន ៣៨ ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន ៧ ដែលមានវិញ្ញាសា ចំនួន ៤០៥ ប្រកួតលើទីតាំង ចំនួន ៥រាជធានី ខេត្ត រួមមាន ៖ ភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ចំពោះពិធីបើក និងបិទ ប្រព្រឹត្តុទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានប្រតិភូកីឡា ចូលរួម ៤ ៥៥៩នាក់ ព្រមទាំងថ្នាក់ដឹកនាំ និងមហាជនទូទៅ ទាំងពិធីបិទ និងពិធីបើក ប្រមាណ ៤៣ ០០០នាក់៕


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម