លោក កឹម សុខា៖«ខ្ញុំ ចង់បានយុត្តិធម៌ឲ្យបានឆាប់ ដើម្បីបានជួយដោះស្រាយបញ្ហាជាតិ»
លោក កឹម សុខា ផ្តល់បទសម្ភាសខ្លីដល់អ្នកកាសែត នៅក្នុងបរិវេណផ្ទះរបស់លោក កាលពីព្រឹកម៉ោងជាង៧ ពេលលោក ធៀបនឹងឡើងរថយន្ត ឆ្ពោះទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ។ លោក ថ្លែងថា តុលាការ មិនមានភស្តុតាងជាក់លាក់ ក្នុងការចោទប្រកាន់លោកនោះទេ។ លោក បញ្ជាក់ថា៖«ដោយសារតែខ្ញុំដឹងច្បាស់ខ្លួនឯងថា ខ្ញុំ អត់មានកំហុសអី ដូច្នេះហើយ ខ្ញុំនៅតែទៅតតាំង និងទាមទារឲ្យទម្លាក់ការចោទប្រកាន់»។
លោក កឹម សុខា ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុកផងដែរ ពេលលោកឡើងតុលាការ នៅថ្ងៃទី១៥ ខែមករា។ តាមរយៈសារនោះ លោក បានច្រានចោលជាថ្មីថា លោក មិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណា មកប្រទូសរ៉ាយ ឬឈ្លានពានកម្ពុជាឡើយ។ លោក សរសេរថា៖«...សកម្មភាពទាំងអស់របស់ខ្ញុំ គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា...»។
នៅថ្ងៃទី១៥ ខែមករា តុលាការ ចាប់ផ្តើមបើកសវនាការជំនុំជម្រះក្តីលោក កឹម សុខា ហើយនៅថ្ងៃទី១៦នេះ តុលាការ បន្តបើកសវនាការទៀត។ តុលាការ គ្រោងនឹងបើកសវនាការនេះ ដល់ទៅបីខែឯណោះ ទើបអាចបញ្ចប់ ដោយក្នុងមួយសប្តាហ៍ សវនាការ ធ្វើឡើងពីរថ្ងៃ គឺនៅថ្ងៃទីពុធ និងថ្ងៃព្រហស្បតិ៍។
លោក កឹម សុខា រងពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលដៅសំដៅថាលោក ពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សំណុំរឿងរបស់លោក បានចំណាយពេលអស់ពីរឆ្នាំ ក្នុងការស៊ើបសួរ មុននឹងឈានដល់ការជំនុំជម្រះអង្គសេចក្តីនាពេលនេះ៕