សិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” នៅស្រុកព្រះស្តេច
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្រុមការងារសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារ និងលោក ទូច សុឃៈ អនុប្រធាន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះធ្វើសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ដល់សិស្សថ្នាក់ទី១២ ចំនួន ៥២៧នាក់ នៅវិទ្យាល័យប្រមូលព្រហ្ម និងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ក្នុងស្រុកព្រះស្តេច ក្រោមអធិបតីភាពលោកស្រី ហ៊ឺ ផានិន អគ្គនាយករងកំពង់ផែស្វយ័តភ្នំពេញ តំណាងឯកឧត្តម ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច ។
សិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ផ្តោតសំខាន់ទៅលើការចែករំលែកបទពិសោធរៀនមុខវិជ្ជាបែបលំហាត់ និងមុខវិជ្ជាបែបអំណានត្រៀមប្រឡង ការជ្រើសរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ ការត្រៀមខ្លួនចូលទីផ្សារការងារអាស៊ាន ការជំរុញនិងលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងសិក្សា ការអប់រំសីលធម៌តាមមាគ៌ាព្រះពុទ្ធសាសនា និងការផ្សព្វផ្សាយពីដំណឹងអាហារូបករណ៍ ស សុខា ។ល។
សូមបញ្ជាក់ជូនថា វគ្គសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” នេះ ក្រោមគំនិតផ្តួចផ្តើម និងឧបត្ថម្ភដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី និងបានចាប់ដំណើរការចុះធ្វើបទបង្ហាញដល់សិស្សថ្នាក់ទី១២ តាមវិទ្យាល័យនានា ទូទាំងខេត្តព្រៃវែង ចាប់តាំងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១២ ដែលមានសិក្ខាកាមចូលរួម ក្នុង ១ឆ្នាំៗ ចន្លោះពី ៦ ០០០ ទៅ ៧ ០០០នាក់៕