សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំមហាសន្និបាតវិសាមញ្ញរបស់ខ្លួន រយៈពេល២ថ្ងៃ

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកាប្រតិភូតំណាងស.ស.យ.ក. ទូទាំងប្រទេស សរុបប្រមាណ១៤០០នាក់ នៅសណ្ឋាគារហ្គាដិន ស៊ីធី រាជធានីភ្នំពេញ។


មហាសន្និបាតវិសាមញ្ញនាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១) បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន,  (២) ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក.,  (៣) បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល, និង ៤) ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក.។

បន្ថែមពីលើការបូកសរុបការងារសម្រេចបាន និងការកំណត់ទិសដៅទៅអនាគត អង្គមហាសន្និបាតដែលប្រព្រឹត្តទៅនាពេលនេះ ក៏ជាការជួបជុំដើម្បីអបអរសាទរ នូវរាល់សមិទ្ធផលដែលក្រុមគ្រួសារ ស.ស.យ.ក សម្រេចបាននាពេលកន្លងមកផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានគូសបញ្ជាក់ពីដំណើរផ្លូវដ៏វែងឆ្ងាយដែល ស.ស.យ.ក បានឆ្លងកាត់ ផ្តើមចេញពីកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយគិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៤៤កំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាខួបទី១០ នៃការប្តូរឈ្មោះពីសមាគមយុវជនកម្ពុជាមកជាសហភាពសហព័ន្ធយុវជនកម្ពុជា។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ឆ្លុះបញ្ចាំងពីតួនាទីស្នូលរបស់ស.ស.យ.ក. ក្នុងការពង្រឹងប៉ូលយុវជនឲ្យចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ដោយបញ្ជាក់ថា ស.ស.យ.ក. បានក្លាយជាវេទិកាទូលំទូលាយ និងជាឆ័ត្ររួម ដែលអនុញ្ញាតឲ្យគ្រប់កោសិកានៃសង្គមកម្ពុជា បានចូលរួមក្នុងការជំរុញចក្ខុវិស័យរួមរបស់កម្ពុជាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ដោយបានក្លាយជាអង្គការចាត់តាំងយុវជនមួយដ៏ធំជាងគេក្នុងប្រទេស និងបានឈានមុខក្នុងការចូលរួមពូនជ្រុំកម្លាំងយុវជនឱ្យក្លាយជាកម្លាំងមហាសាមគ្គីក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងបន្តដំណើររួមគ្នាឆ្ពោះទៅកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថាន រស់នៅល្អប្រសើរ មានវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ ក្នុងសេចក្តីប៉ងប្រាថ្នាក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបថា ការរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះ មិនត្រឹមតែជាការ ការបូកសរុបសមិទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសនោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការជួបប្រជុំគ្នារវាងមហាគ្រួសារ សមាជិក សមាជិកាទូទាំងរាជធានីខេត្ត ដើម្បីពិភាក្សាស្វែងរកធាតុចូលបន្ថែម ពង្រឹង និងពង្រីកទិសដៅសកម្មភាពបន្ត បំផុសស្មារតីដល់យុវជនជំនាន់ក្រោយឲ្យចូលរួមលើកស្ទួយនូវឧត្តមភាព កិត្តិសព្ទ កិត្តិនាម និងវឌ្ឍនភាពជាតិ ក៏ដូចជាថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លា ដែលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានតាមរយៈបេសកកម្មកន្លងមក៕


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA