ឯកឧត្តម ស សុខា ផ្តាំផ្ញើ ១១ចំណុច ក្នុងកិច្ចប្រជុំ និងប្រកាសសមាសភាព ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដោយមានការអញ្ជើញពីឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងប្រកាសសមាសភាពបំពេញបន្ថែមសមាជិក សមាជិកាគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិកាថ្មី នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលទទួលបានសេចក្តីទុកចិត្ត និងតែងតាំងទាំងអស់។
ឯកឧត្តម ស សុខា បានបញ្ជាក់ថា សមាជិក សមាជិកា ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ទាំងអស់ ដែលបាន និងកំពុងប្រកាសទទួលស្គាល់ពេលនេះ គឺពិតជាបានរួមចំណែកធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការងារគ្រប់គ្រង ដឹកនាំ និងអនុវត្តការងារ របស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ឲ្យមានសន្ទុះទ្វេដង ក្នុងការជំរុញ ឧបត្ថម្ភគាំទ្រ បំពេញបន្ថែម តាមដាន និងការអនុវត្តផែនការសកម្មភាព ឲ្យកាន់តែជោគជ័យ ដើម្បីយុវជន និងសង្គមជាតិរបស់យើង។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ចំនួន ១១ចំណុច ដូចខាងក្រោម ៖
១. សូមយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចថ្មី ដែលបានទទួលនេះ ឱ្យមានប្រសិទ្ធិភាព និងប្រសិទ្ធផលការងារខ្ពស់ ។
២. សូមគោរពលក្ខន្តិកៈ ក៏ដូចជាបទបញ្ជាផ្ទៃក្នុងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន ។
៣. សូមរៀបចំរចនាសម្ព័ន្ធដឹកនាំ ចាត់ចែងឱ្យបានច្បាស់លាស់ និងត្រូវអនុវត្តទៅតាមឋានានុក្រម ឲ្យបានត្រឹមត្រូវ ។
៤. សូមរៀបចំផែនការសកម្មភាពការងារ ឲ្យបានច្បាស់លាស់ ដោយឆ្លើយតបទៅនឹចក្ខុវិស័យ របស់ ស.ស.យ.ក. និងតម្រូវការមូលដ្ឋានជាក់ស្តែង ។
៥. រាល់ការធ្វើសកម្មភាព សូមឱ្យមានការឯកភាពនិងធ្វើរបាយការណ៍ជូន ស.ស.យ.ក. ស្រុក និង ស.ស.យ.ក. ខេត្ត ដើម្បីខេត្តធ្វើរបាយការណ៍បន្តជូនថ្នាក់កណ្តាល ។
៦. សូមឱ្យមានកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី ក៏ដូចជាអង្គការ សមាគមយុវជនផ្សេងៗទៀត ដើម្បីឱ្យដំណើរការចុះធ្វើសកម្មភាពរបស់ ស.ស.យ.ក. បានដោយរលូន ។
៧. ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ និងត្រូវបែងចែកភារកិច្ចការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីសម្រេចជោគជ័យការងារ។ ជាការមើលឃើញអង្គភាពភាគច្រើន តែងតែកើតមានបញ្ហានេះ ។ អីចឹងទេ ប្រសិនសមាជិក ឬផ្នែកណាមួយ ខ្វះសាមគ្គីភាពផ្ទៃក្នុងហើយ ប្រាកដជាមិនអាចសម្រេចលទ្ធផលបានល្អប្រសើរឡើយ និងអាចឈានទៅរកការរាំងស្ទះការងារផ្សេងៗទៀត ។
៨. ក្នុងការចុះធ្វើសកម្មភាព សូមកុំឲ្យជាន់គ្នាជាមួយក្រុមការងារផ្សេងៗ នាំឱ្យខាតសកម្មភាព ។ គួរពង្រាយសកម្មភាពឱ្យបានច្រើន ចៀសជាងរួមគ្នាធ្វើតែមួយកន្លែងមិនត្រឹមតែមិនចំណេញទេ វាអាចនាំឱ្យមើលមុខគ្នាមិនចំរវាងក្រុមការងារមួយ និងក្រុមការងារមួយទៀតផង ។
៩. សម្រាប់ផែនការឆ្នាំ២០២៣ ខាងមុខ គួរបញ្ចូលកម្មវិធីបណ្តុះបណ្តាលជំនាញខ្លីៗ ពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍខ្លួន ការងាររដ្ឋបាល ការសរសេរព័ត៌មានតាមបណ្តាញសង្គម កម្មវិធីកីឡា សិល្បៈ និងកម្មវិធីប្រឡងប្រណាំងផ្សេងៗទៀត ដើម្បីបង្ហាញអត្តសញ្ញាណរបស់ខេត្តបន្ទាយមានជ័យយើង ។
១០. សូមសហការជាមួយអាជ្ញាធរ ផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ផុត ឬជិតផុតសុពលភាព ឱ្យទៅធ្វើថ្មី នៅតាមមូលដ្ឋានរបស់ខ្លួន ។
១១. សូមជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្ស និស្សិត អំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាព្រឹត្តិការអង្គរសង្ក្រាន្តឆ្នាំ២០២៣ ក្នុងទឹកដីខេត្តសៀមរាបខាងមុខ សំដៅឱ្យមានអ្នកចូលរួមទស្សនាច្រើន ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករខ្មែរ ទទួលបានមេដាយជូនជាតិមាតុភូមិ នៃយើង៕