ព្រឹកថ្ងៃនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ តម្លៃ ៧៦លានដុល្លារ
ភ្នំពេញ ៖ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរហើយ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ ផ្លូវដែលដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងនោះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ។
ផ្លូវជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា។ មួយខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ មួយខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន (តីរវិថី គឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ផ្លូវទាំងពីរខ្សែនេះ ត្រូវបានស្ថាបនាឡើងវិញទៅតាមលក្ខណៈបច្ចេកទេស និងបែងចែកជាពីរប្រភេទគឺ៖ ១). កំណាត់ផ្លូវប្រវែងជិត ២១គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូAC កម្រាស់ ៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ និង ២). កំណាត់ផ្លូវប្រវែងជាង ២២គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ម៉ែត្រ រួមទាំងការសាងសង់សំណង់សិល្បការ្យផ្សេងៗ រួមមានដូចជា សាងសង់ស្ពានថ្មី ០១កន្លែង និងពង្រីកស្ពានចាស់ ១៧កន្លែង និងដាក់លូគ្រប់ប្រភេទចំនួន ១៦១កន្លែង។
គម្រោងស្ថាបនាផ្លូវទាំងពីរខ្សែនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុង ខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៨ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ការស្ថាបនាផ្លូវទាំងពីរខ្សែនេះ បានចំណាយថវិកាសាងសង់ជាង ៧៦លានដុល្លារអាមេរិក ជាប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាល៕