លោក ពូទីន ចេញក្រឹត្យហាមឃាត់ការលក់ប្រេងទៅឲ្យបស្ចិមលោក និងសម្ព័ន្ធមិត្ត

មូស្គូ ៖ សង្គ្រាមលុកលុយរបស់ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជាង៣០០ថ្ងៃកន្លងមកនេះ បាននឹងកំពុងតែធ្វើឲ្យប្រទេសរុស្ស៊ី ប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំង ពីបណ្ដាប្រទេសបស្ចិមលោក និងសម្ព័ន្ធមិត្ត ហើយដាក់ការកំណត់លើតម្លៃប្រេងរបស់ក្រុងមូស្គូ ទើបមេដឹកនាំវិមានក្រឹមឡាំង ចេញក្រឹត្យថ្មីមួយ ដាក់បម្រាមដល់ការនាំចេញប្រេងទៅកាន់ប្រទេសទាំងនោះ។សារព័ត៌មាន Al Jazeera បានចេញផ្សាយកាលពីព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានចេញក្រឹត្យថ្មីមួយ ដោយហាមឃាត់ដល់ការលក់ប្រេង ទៅកាន់បណ្ដាប្រទេសនានា និងក្រុមហ៊ុនជាច្រើនរបស់លោកខាងលិច ដោយសារតែបស្ចិមលោក បានកំណត់តម្លៃប្រេង និងផលិតផលថាមពលរបស់រុស្ស៊ី ប្រឆាំងនឹងការឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងអ៊ុយក្រែន។រដ្ឋាភិបាលក្រុងមូស្គូ កាលពីថ្ងៃអង្គារ បានផ្ដល់ការឆ្លើយតបរបស់ខ្លួន ដែលរង់ចាំអស់រយៈពេលជាយូរមកហើយ ប្រឆាំងនឹងការកំណត់តម្លៃប្រេង ដោយក្រុមប្រទេស G7 ។

ក្រឹត្យរបស់ប្រធានាធិបតី ពូទីន ហាមឃាត់ដល់ការផ្គត់ផ្គង់ប្រេងឆៅ និងផលិតផលប្រេងដល់បណ្ដាប្រទេសនានា ដែលបានធ្វើតាមការកំណត់តម្លៃនេះ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រាប់រយៈពេល៥ខែ។ ក្រឹត្យរបស់ប្រធានាធិបតី បានបញ្ជាក់ថា បម្រាមលើការលក់ប្រេងនេះ អាចនឹងលើកលែង សម្រាប់ករណីបុគ្គល តាមរយៈការសម្រេចចិត្តយ៉ាងពិសេសរបស់លោក ពូទីន។ក្រុម G7 ដែលជាប្រទេសមានឧស្សាហកម្មជឿនលឿនបំផុត រួមមាន៖ កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងអូស្ត្រាលី បានព្រមព្រៀងគ្នានៅខែនេះ ដើម្បីកំណត់លើតម្លៃប្រេង ត្រឹម៦០ដុល្លារ ក្នុង១ប៉ារ៉ែល សម្រាប់ប្រេងឆៅដឹកតាមសមុទ្ររបស់រុស្ស៊ី ចូលជាធរមាន ចាប់ពីថ្ងៃទី៥ ខែធ្នូតទៅ។ការកំណត់តម្លៃប្រេង ដែលត្រូវបានណែនាំ រួមជាមួយនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីតាមសមុទ្រ មានគោលបំណងធានាថា រុស្ស៊ីមិនអាចចៀសផុតពីការហ៊ុមព័ទ្ធសេដ្ឋកិច្ច ដោយការលក់ប្រេងរបស់ក្រុងមូស្គូ ទៅឱ្យប្រទេសទី៣ នៅក្នុងតម្លៃខ្ពស់។

ការកំណត់តម្លៃប្រេងនេះ គឺដើម្បីរឹតបន្ដឹងដល់ប្រាក់ចំណូលរបស់រុស្ស៊ី សម្រាប់ការធ្វើសង្គ្រាម នៅអ៊ុយក្រែន ខណៈធ្វើឲ្យប្រាកដថា ក្រុងមូស្គូរក្សាការផ្គត់ផ្គង់ដល់ទីផ្សាររបស់ពិភពលោក។

រុស្ស៊ី បានបង្ហាញអំពីទំនុកចិត្តថា ក្រឹត្យនេះ នឹងស្វែងរកអ្នកទិញថ្មី ហើយថា ការកំណត់តម្លៃប្រេងរបស់ខ្លួន នឹងមិនជះឥទ្ធិពលដល់យុទ្ធនាការយោធារបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។

រុស្ស៊ី ជាប្រទេសនាំចេញប្រេងដ៏ធំបំផុតលំដាប់ទី២ របស់ពិភពលោក បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia)។ ចំណែកការរំខានយ៉ាងខ្លាំងដល់ការលក់របស់ក្រុងមូស្គូនោះ នឹងមានផលវិបាកយ៉ាងធំធេង សម្រាប់ការផ្គត់ផ្គង់ថាមពលរបស់សកលលោក៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA