លោក គង់ សារិទ្ធិ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនអ្នកមីង សយ ស៊ីនឿន នៅខណ្ឌឫស្សីកែវ
ភ្នំពេញ ៖ លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសមហព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនអ្នកមីង សយ ស៊ីនឿន ដែលកំពុងមានជំងឺធ្ងន់ធ្ងរ និងមានជីវភាពខ្វះខាត ស្នាក់នៅផ្ទះជួល ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលបញ្ហាជីវភាពប្រចាំថ្ងៃ ។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក គង់ សារិទ្ធិ និងក្រុមការងារ ប្រគល់ជូនអ្នកមីង សយ ស៊ីនឿន នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ២ ០០០ ០០០(ពីរលាន)រៀល អង្ករ ចំនួន ១០០គីឡូក្រាម កញ្ច្រែង ចំនួន ១ ធុងដាក់ទឹក ចំនួន ១ ធុងទឹកកក ចំនួន ១ ចង្ក្រានហ្គាស ចំនួន ១ ចានស្រាក់ ចំនួន ១ ជ្រុញ ចំនួន ១ កំសៀវដាំទឹក ចំនួន ១ ចានដែក ចំនួន ១ ស្ករស ចំនួន ២គីឡូក្រាម ទឹកត្រី ចំនួន ១យួរ ទឹកសុីអ៊ីវ ចំនួន ១យួរ និងត្រីខ ចំនួន ១យួរ។
សូមបញ្ជាក់ដែរថា ក្រៅពីប្រគល់អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ក្រុមការងាររបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សហការជាមួយក្រុមគ្រូពេទ្យ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត រស់ ថុន ដោយធ្វើការជួយសម្របសម្រួល និងព្យាបាលជំងឺជូនអ្នកមីង សយ ស៊ីនឿន ដោយឥតគិតថ្លៃផងដែរ៕