ថៃនៅតែចេញក្បួនក្រឡេចក្រឡុចរឿង«គុនខ្មែរ»នៅស៊ីហ្គេម
យោងតាមការចុះផ្សាយរបស់ Bangkok Post សារព័ត៌មានប្រទេសថៃ បានឲ្យដឹងថា «ភាគីថៃ» សម្រេចមិនចូលរួមប្រកួតវិញ្ញាសា «គុនខ្មែរ» អំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ខែកុម្ភ: ម្សិលមិញនេះប្រធានសហព័ន្ធ Muay Thai (IFMA) លោក Ifma chief Sakchye Tapsuwan បានលើកឡើងជុំវិញហេតុផលមិនបញ្ជូនអត្តពលិកចូលរួមស៊ីហ្គេមនៅកម្ពុជាដូច្នេះថា៖«យើងមានការគោរពចំពោះគុនខ្មែរ ប៉ុន្តែ«គុនខ្មែរ»មិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ក្នុងការបញ្ចូលទៅក្នុងវិញ្ញាសាកីឡាករស៊ីហ្គេមឡើយ»។
ប្រធានសហព័ន្ធ Muay Thai (IFMA) បន្តទៀតថា៖«បើប្រទេសណាដែលចូលរួមប្រកួតកីឡាគុនខ្មែរនៅស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី១៧ ខែឧសភា នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង Asian Indoor and Martial Arts Games នៅប្រទេសថៃនៅចុងឆ្នាំនេះទេ»៕
គួរដឹងថាកន្លងទៅនៅក្នុងកិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ ក្នុងសណ្ឋាគារហ្គាឌិនសុីធី រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ «ថៃ» និង៦ប្រទេសផ្សេងទៀតនៅតំបន់អាស៊ាន ដូចជា៖ ឡាវ,ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,ឥណ្ឌូណេស៊ី,ហ្វីលីពីន និង វៀតណាម បានគាំទ្រ និងអនុម័តជាឯកច្ឆ័ន្ទប្រើឈ្មោះ «គុនខ្មែរ» ដោយមិនមានការកែប្រែសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ប៉ុន្តែពេលនេះប្រទេសថៃនៅតែចេញក្បូនក្រឡេចក្រឡុចរឿង«គុនខ្មែរ»នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដដែល៕