សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីថ្លែងការណ៍ជុំវិញការលុបអាជ្ញាប័ណ្ណវិទ្យុ VOD
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានចេញសេចក្តីថ្លែងការណ៍ជុំវិញការលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (វិទ្យុ VOD) ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានសង្កេតឃើញថា មានអង្គការសង្គមស៊ីវិល សារព័ត៌មានជាតិនិងអន្តរជាតិ ក៏ដូចជាសាធារណមតិមួយចំនួន បានលើកឡើងជាច្រើនជុំវិញករណីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (វិទ្យុ VOD) ដែលការលើកឡើងទាំងនោះ ផ្ទុយពីការពិត ផ្ទុយពីច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជាពិសេសក្នុងន័យបង្អាប់ជាតិសាសន៍ខ្លួនឯង និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តច្បាប់នៅកម្ពុជា។
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ យល់ឃើញថា ការសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (វិទ្យុ VOD) របស់ក្រសួងព័ត៌មាន ពិតជាត្រឹមត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ក៏ដូចជាវិជ្ជាជីវៈសារព័ត៌មានសកលលោក ពិសេសដើម្បីពង្រឹងច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាផងដែរ។
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបាននិងកំពុងតែធ្វើសកម្មភាពលើវិស័យសារព័ត៌មាន តែងតែគាំទ្រ និងជួយសម្របសម្រួលជានិច្ចចំពោះអង្គភាពសារព័ត៌មាននិងអ្នកសារព័ត៌មានជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏ដូចជាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ជាពិសេសអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា។
ជាមួយគ្នានេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមអំពាវនាវដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ គប្បីគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមពង្រឹងគុណភាពនៃការផ្សព្វផ្សាយ ក៏ដូចជាលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត៕