ឯកឧត្តម ដួង ច័ន្ទអម្រិត បានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ដួង ច័ន្ទអម្រិត ទីប្រឹក្សា សម្តេច ក្រឡា ហោមសខេង បានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត រដ្ឋលេខាធិការ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត រដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំជំរុញផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំក្រុមការងារយុវជនត្រូវបន្តខិតខំអនុវត្តផែនការអាទិភាពចំពោះមុខសម្រាប់ឆ្នាំ២០២២នេះឱ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា៖យុវជនគឺជាអ្នកបន្តវេនបម្រើឱ្យប្រយោជន៍ដល់សង្គមនិងប្រទេសជាតិ។ដូចនេះដើម្បីឱ្យការអនុវត្តផែនការគ្រឹះរបស់ក្រុមការងារយុវជន អនុវត្តបានរលូនស៊ីសង្វាក់គ្នាតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមនិងមានប្រសិទ្ធភាពនោះថ្នាក់ដឹកនាំក្រុមការងារ ទាំងអស់ ត្រូវជំរុញការចូលរួមទាំងអស់គ្នា និងជនបង្គោលត្រូវរួមគ្នាផ្សព្វផ្សាយឱ្យដល់មហាជនបានយល់ជ្រួតជ្រាបនូវផែនការអាទិភាពចំពោះមុខសម្រាប់ឆ្នាំ២០២២នេះរបស់ក្រុមការងារយុវជនឱ្យបានទូលំទូលាយសម្រាប់ការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត រដ្ឋលេខាធិការ ក៏បានឱ្យដឹងអំពី គោលបំណង និងសកម្មភាពសំខាន់ៗ ដែលក្រុមការងារយុវជនក្នុងរយៈពេលកន្លងមកតែងបានចុះជួយដល់ប្រជាពលរដ្ឋតាមបណ្ដាសហគមន៍មូលដ្ឋានកន្លងមក ពិសេសជួយលើការងារសង្គមនិងការងារមនុស្សធម៌ ដែលធ្វើឱ្យមានការគាំទ្រពីប្រជាពលរដ្ឋ និងមហាជនមានការជឿទុកចិត្តនូវអំពើល្អដែលបានបណ្ដុះបណ្ដាលធនធានយុវជនដែលជាសក្ដានុពលអ្នកបន្តវេនសម្រាប់ទ្រទ្រង់សង្គមនិងប្រទេសជាតិទៅថ្ងៃអនាគតដ៏ត្រចះត្រចង់នេះផងដែរ។
បន្ទាប់ពីទទួលបានប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ដួង ច័ន្ទអម្រិត និងក្រុមការងារ សូមប្តេជ្ញាចិត្ត និងខិតខំ យកចិត្តទុកដាក់ បំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានជោគជ័យថ្មីៗថែមទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន។
ជាចុងបញ្ចប់ឯកឧត្តម ដួង ច័ន្ទអម្រិត និងក្រុមការងារគោរពជូនពរបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ សូមជួយប្រោះព្រំ ប្រទានពរជ័យដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត លោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមដឹកនាំប្រទេសជាតិ ជានិច្ចនិរន្តរ៍ ៕