ពលរដ្ឋសម្តែងក្តីបារម្ភក្រោយឃើញឈ្មួញជីកកាយដី ស្ទើរដល់ក្បាលប្រេតនៅសិរីសោភ័ណ្ឌ
បន្ទាយមានជ័យ៖ រណ្តៅដីដ៏ធំមួយដែលឈ្មួញធ្វើអាជីវកម្មជីកកាយយកដីលក់លើទំហំផ្ទៃដីប្រមាណ ៣ទៅ៤ ហិកតា ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅៗដល់ប្រជាពលរដ្ឋក្នុងភូមិ ខណៈឈ្មួញបានជីករូងចុះក្រោមជម្រៅលើសពី១០ម៉ែត្រទៅហើយ។
ពលរដ្ឋរួមទាំងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ដល់ចំណុចព្រំប្រទល់ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ កំពុងមានការព្រួយបារម្ភ ពីសុវត្ថភាពធ្វើដំណើរខណៈរថយន្តធំៗដឹកអាចម៍ដីលក់រាប់សិបគ្រឿង ដឹករាប់រយជើងក្នុងមួយថ្ងៃៗ ហើយបើកបរក្នុងល្បឿនលឿនៗ និងគ្មានស្លាកសញ្ញាសំគាល់ ឬបង្ហាញ និងគ្មានសន្តិសុខរៀបចំសណ្តាប់នៅផ្លូវចេញចូលឆ្លងកាត់ផ្លូវជាតិលេខ៥ ។ ពិសេសបារម្ភខ្លាចក្នុងរដូវវស្សាខាងមុខនេះ ខ្លាចមាត់រណ្តៅបាក់ស្រុតរាលដាលដល់ដីស្រែរបស់ពួកគេ និងខ្លាចគ្រោះថ្នាក់ដល់កូនចៅ និងសត្វចិញ្ចឹមរបស់ពួកគាត់។
ប្រជាពលរដ្ឋបានបន្តថា អាជ្ញាធរ និងមន្ត្រីជំនាញបណ្តែតបណ្តោយឲ្យក្រុមឈ្មួញរកស៊ីដឹកដីលក់យ៉ាងគគ្រឹកគគ្រេងអត់ខ្វល់ពីផលប៉ះពាល់អ្វីឡើយ ទោះបីរថយន្តដឹកដីមិនគ្របស្បៃ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរយ៉ាងណាក៏ដោយ។
ជាមួយគ្នានោះដែរ ពលរដ្ឋបានសំណូមពរតាមរយៈសារព័ត៌មាន សូមលោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ មេត្តាមានវិធានការចុះមកណែនាំការដ្ឋានជីកដីលក់ខាងលើនេះឱ្យបានឆាប់ផង កុំចាំទាល់តែមានគ្រោះថ្នាក់ទើបចុះមកណែនាំ ម្យ៉ាងវិញទៀតសូមមន្ត្រីជំនាញ មន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ ជាពិសេស លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត មេត្តាចុះមកពិនិត្យផង តើក្រុមហ៊ុន មានច្បាប់អនុញ្ញាតិត្រឹមត្រូវដែលទេ ហើយថាតើការអនុវត្តរបស់ក្រុមឈ្មួញខាងលើនេះ អនុវត្តទៅតាមអនុលោមតាមច្បាប់ដែរទេ ខណៈដែលជីកជម្រៅលើសពី១០ម៉ែត្រ និងមានទំហំប្រហែល៣ទៅ៤ហិកតាបែបនេះ។
ពាក់ព័ន្ធនិងបញ្ហានេះ នៅល្ងាចថ្ងៃ០៨ ខែមីនា ឆ្នាំ២០២៣ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកមិនអាចបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះ មានច្បាប់ ឬគ្មានច្បាប់នោះទេ ដោយលោកប្រាប់ថាឲ្យទៅសួរខាងមន្ទីរជំនាញ ។ ដោយឡែករថយន្តដឹកខុសបច្ចេកទេស បញ្ហាប្រឈមនិងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនេះ លោកនិងចាត់មន្ត្រីមកពិនិត្យមើលចំពោះរឿងនេះ ។ដោយឡែកចំពោះលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យវិញ ក្រុមអ្នកសារព័ត៌ បានទាក់ទងទៅតែមិនអាចទំនាក់ទំនងដើម្បីសុំការបំភ្លឺខ្លាំងណាស់ ពាក់ព័ន្ធរឿងរណ្តៅដី ដោយទូរស័ព្ទចូលហើយគ្មានអ្នកលើ ៕