លោកយាយ អែម ថៃ អាយុ៧៨ឆ្នាំមានការរន្ធត់ចិត្តជាខ្លាំងក្រោយអាជ្ញាធរខេត្តថា ដីគាត់ជាដីរដ្ឋ និងបានដាក់លិខិតសុំបដិសេធលើកំណត់ហេតុរបស់រដ្ឋបាលខេត្តកណ្ដាល!!

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកណ្ដាលបានធ្វើការកោះហៅភាគីពាក់ព័ន្ធទំនាស់ដីធ្លីរវាងលោកយាយ អែម ថៃ និងឈ្មោះ អ៊ុន ស្រីអូន  ក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដោយ លោក គង់ សោភ័ណ្ឌ បានធ្វើមតិបូកសរុបថា «ករណីនេះជាវិវាទកិច្ចសន្យារវាងលោកយាយ អែម ថៃ ជាម្តាយទី២ និងកូនស្រីដើម ឈ្មោះ អ៊ុន ស្រីអូន ដែលត្រូវដោះស្រាយតាមប្រព័ន្ធតុលាការ ចំពោះតែដីស្របច្បាប់ប៉ុណ្ណោះ  មិនមែនដីទំនប់ ស្ទាក់ទឹកនោះទេ ចំណែកដីទំនប់ស្ទាក់ទឹក ត្រូវដោះស្រាយតាមគណៈកម្មការសុរិយោដីខេត្តព្រោះវាជាដីរបស់រដ្ឋ» ពេលលឺបែបនេះស្រាប់តែលោកយាយ អែម ថៃ អាយុ៧៨ឆ្នាំ និងឈ្មោះ អ៊ុន ឈៀង អាយុ៤៣ឆ្នាំ រស់នៅភូមិ ត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ត កណ្តាលនាំគ្នាធ្វើលិខិតសុំបដិសេធត្រង់ចំនុចមួយចំនួនលើកំណត់ហេតុចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

លោកយាយ អែម ថៃ បានបញ្ជាក់យ៉ាងច្បាស់ៗថា លោកយាយបានទិញដីស្រែប្រាំងទំហំ៤៥៣០មែត្រការ៉េ រួមទាំងទំនប់ស្ទាក់ទឹកតាមាសក្នុងឆ្នាំ១៩៩៧ និង កាន់កាប់ប្រើប្រាស់អាស្រ័យផលជាប់រហូតដល់ឆ្នាំ២០១៩ ទើបមានវិវាទរវាងគ្រួសារលោកយាយ កើតឡើង និងមានការចាក់ដីរំលោភបំពានយកពីក្រុមហ៊ុនមួយដ៏មានឥទ្ធិពល។

លោកយាយបន្តថា កន្លងមករៀងរាល់ឆ្នាំ ពួកគាត់ទាំង៧គ្រួសារ តែងតែចំណាយថវិការដើម្បីជីកស្តារលើកទំបន់រាងស្នែងក្របីទប់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង ដែលមានការខ្វះខាតទឹក មានឆ្នាំខ្លះស្រូវស្កកក៏មាន ប្រជាពលរដ្ឋក្នុងក្រុមប្រាំងមានការលំបាក ក្រោយមកក៏បាន ស្នើសុំមូលនិធិឃុំឱ្យជួយនិងធ្លាប់មានគណៈពង្រឹងបក្សជួយខ្លះដែរ ប៉ុន្តែនៅតែខ្វះខាតទឹកដោយបងប្អូនក្នុងក្រុមចេះតែរុករានដីធ្វើស្រែបន្ថែម អ្នកខ្លះបានតិច អ្នកខ្លះបានច្រើន ការបង្កបង្កើនផលមិនសូវបានទិន្នផល ខ្ពស់នោះទេ។

លោកយាយ អែម ថៃ បច្ចុប្បន្នកំពុងស្រែកហៅរកយុត្តិធម៌ដោយខ្លួនមានជំងឺប្រចាំកាយបានបន្តឲ្យដឹងទៀតថា សម្រាប់ដីទំនប់ស្ទាក់ទឹកដែលវាស់វែងមានទំហំ ១០៧,២៤៨ម៉ែត្រការ៉េ (ដប់ម៉ឺនប្រាំពីរពាន់ ពីររយសែសិបប្រាំបី) គឺមិនមែនផ្ទៃដី ទំនប់ស្ទាក់ទឹកទាំងអស់នោះទេ នៅក្នុងនោះមានដីចំណីព្រៃដែលនៅសងខាងហ៊ុំព័ទ្ធស្ទើជុំវិញ ពេលវាស់សរុបមើលឃើញធំអីចឹងហើយ ដីមានលក្ខណៈជំរាលទំនាប ទើបទប់ស្ទាក់ទឹកបាន មិនមែនប្រព័ន្ធប្រឡាយ ទឹកធ្លាក់ពីអូរកុងដូចការលើកឡើងនោះទេ ដីទំនប់នេះជាដីក្រុម៤ មាន៧គ្រួសារ កាន់កាប់អាស្រ័យផល ក្រោយឆ្នាំ៨០ជាង និងមានទំនប់ស្ទាក់ទឹកជាច្រើនទៀតរាប់រយរាប់ពាន់គ្រួសារអាស្រ័យផល និងបានលក់ឱ្យក្រុមហ៊ុនផ្សេងៗ សូមមេត្តាកុំភាន់ច្រឡំ គ្រាន់តែឮឈ្មោះទំនប់ទឹក យល់ថាជារបស់រដ្ឋនោះ តាមពិតវាជាការបែងចែក ចែកគ្នាកាន់កាប់អាស្រ័យផលតាមក្រុមតាមភូមិតាមឃុំរៀងៗខ្លួន។

ទន្ទឹមនោះ លោកយាយ អែម ថៃ បានលើកឡើងពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា ចំពោះដីដែលអាចបង្ករ បង្កើនផលបានត្រូវបែងចែកឱ្យប្រជាជនធ្វើកុំទុកឱ្យទំនេរ ហេតុដូច្នេះភូមិបាលឃុំ ស្រុក ក៏ចាត់ចែងទៅតាម ចំនួនសមាជិកនៃគ្រួសារនីមួយៗ ប្រជាជននៅទីនោះពិតជាស្គាល់ច្បាស់ណាស់ថា ដីណាជាដីរដ្ឋ ដីណារបស់ប្រជាជន ថ្វីត្បិតពួកខ្ញុំមិនចេះច្បាប់ ឬយល់ដីពីច្បាប់បានតិចតួចក្តី ក៏ពួកខ្ញុំមិនហ៊ានលក់ដីរដ្ឋដែរ តែដីទំនប់ស្ទាក់ទឹកនេះជាការចំណាយកំលាំងញើសឈាមរបស់ប្រជាជនដែលខំជីករែកស្តារមានការហត់នឿយ លំបាក មានតែជីវិតអ្នកស្រែទេទើបយល់ច្បាស់ សូមមេត្តាស្តាប់របាយការណ៍ កំណត់ហេតុរបស់លោក អភិបាលស្រុកផង សូមស្តាប់ការអះអាងរបស់ប្រជាពលរដ្ឋ ពិសេសអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ព្រោះគាត់ជាអ្នករស់នៅមូលដ្ឋានផ្ទាល់ គាត់ដឹងស៊ីជម្រៅពីប្រវត្តិសាវតាដី  សូមកុំសូវជឿលើបុគ្គលបក្សពួកក្រុមហ៊ុនពេក ឬជឿលើការថតពីលើអាកាសពេកវា មិនច្បាស់លាស់ទាំងស្រុងនោះទេ។ បើដីទំនប់ស្ទាក់ទឹកនោះ ករកើតឡើងដោយធម្មជាតិ ឬប្រជាពលរដ្ឋរួមភូមិ ឬរដ្ឋជាអ្នកចំណាយជីកស្តារឱ្យប្រើប្រាស់ជារួមដូច ទំនប់អូរកុង ទំនប់ថ្នល់ចាម ទំនប់ឆ្កែលុង នោះ នាងខ្ញុំមិនបដិសេធឡើយ តែនេះជាដីក្រុម៤មាន៧គ្រួសារអាស្រ័យផលរួមគ្នា មួយវិញទៀតចំណែក៦គ្រួសារគេ លក់ទទួលបានលុយអស់ហើយ នៅឡើយតែខ្ញុំមួយគ្រួសារត្រូវអាជ្ញាធរខេត្តកណ្តាលលើកឡើងថា ជាដីរដ្ឋ ទៅវិញ តើនេះវាយុត្តិធម៌ចំពោះគ្រួសារខ្ញុំដែរឬទេ?

លោកយាយ អែម ថៃ បានបន្តឲ្យដឹងទៀតថា លោកយាយមានការលំបាកតស៊ូស្ទើរស្លាប់ស្ទើរស់ ទំរាំឈ្នះក្តីនៅតុលាការ កំពូលយ៉ាងលំបាកបំផុត ដោយសារដីមានការប្រែប្រួល មានការចាក់ដីលុបរំលោភបំពាន មានអ្នកកាន់កាប់ថ្មី និងមានការលួចធ្វើបណ្ណកម្មសិទ្ធិដោយមិនបានឆ្លងកាត់ភូមិស្រុកទៀត ទើបលោកយាយស្នើសុំក្ដីមេត្តាជួយអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្តឱ្យជួយដោះស្រាយសម្របសម្រួលជាមួយនឹងក្រុមហ៊ុន ប៉ុន្តែជាលទ្ធផលត្រូវអាជ្ញាធរខេត្តចាត់ទុកដីទំនប់ស្ទាក់ទឹកជាដីរដ្ឋទៅវិញ។ លោកយាយ អែម ថៃ បានបន្តថា លោកយាយរន្ធត់ចិត្ត ឈឺចិត្តខ្លាំងណាស់ បើឯកឧត្ដមអភិបាលខេត្ត លើកឡើងបែបនេះគឺ លោកយាយត្រូវបាត់បង់ដីហើយ


អ្វីដែលសំខាន់គឺធ្វើឱ្យមានការភាន់ច្រឡំក្នុងដំណើការនីតិវិធីនៅតុលាការកំពូល  ដែលកំពុងមានការប្ដឹងសើរើ ជម្រះសារថ្មី ពីភាគីចាញ់ក្តីជាកូនចុង ដែលមានអ្នកនៅពីក្រោយខ្នងលើរឿងនេះ ថាដីទប់ទឹកជាដីរដ្ឋក្នុងពាក្យបណ្តឹងសើរើ? ស្របពេលអាជ្ញាធរខេត្តលើកឡើងថាជាដីរដ្ឋ លោកយាយគិតថា នេះជាការរៀបចំនូវផែនការយុទ្ធសាស្ត្រមួយ ដើម្បីបំលែងរឿង បើជាដីរដ្ឋក្រុមហ៊ុននិងយកដោយងាយៗ ជាក់ស្ដែងដីត្រូវបានក្រុមហ៊ុនស្នើធ្វើបណ្ណរួចហើយ គំនិតរបស់ក្រុមហ៊ុនប្រហែលជាគិតថាបើជាដីរដ្ឋ គឺអាជ្ញាធរមិនហ៊ានយកដីពីក្រុមហ៊ុនវិញទេ តែយកបានតែដីរាស្ត្រស្លូតត្រង់តែប៉ុណ្ណោះ។

លោកយាយ អែម ថៃ បើតាមការឲ្យដឹងថា កូនចុងនោះមិនទាន់បានលុយទេ ឬអាចបានតិចតួចបំផុត ហើយក៏មិនមានលទ្ធភាពប្ដឹងផ្ដល់ខ្ញុំដែរ)។ បើមិនមានអ្នកនៅពីក្រោយខ្នងនៃការប្តឹងផ្តល់នេះ ទាំងចំណាយក្នុងការជួលមេធាវី និងចំណាយផ្សេងៗក្នុងរឿងនេះ ។

ជាមួយគ្នានោះ លោកយាយ អែម ថៃ បានគោរពស្នើសុំដលើលោកអភិបាលខេត្តកណ្ដាល ជួយពិនិត្យពិចារណាម្ដងទៀត ហើយផ្ដល់ភាពស្របច្បាប់ និងផ្ដល់បាននូវយុតិធម៌ឱ្យលោកយាយ បានទទួលផលប្រយោជន៍ដូចប្រជាពលរដ្ឋដទៃទៀតផង លោកយាយចាស់ ហើយថែមទាំងមានជម្ងឺប្រចាំកាយច្រើន រស់កំដរតែថ្ងៃស្លាប់ទេ ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ដល់ពេលចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនាំឲ្យប៉ះពាល់ដល់សុខភាព និងជីវិតមនុស្ស
លោកបណ្ឌិត ឡី សុភាព៖ ពលរដ្ឋទាំងអស់ ត្រូវយល់ដឹងអំពីបញ្ហាភ្នែក និងត្រួតពិនិត្យភ្នែក ឱ្យបានទៀងទាត់ ជៀសវាងមានបញ្ហា ទើបរកការព្យាបាល
ឧកញ៉ាបណ្ឌិត ឡី សុភាព ប្ដេជ្ញាសហការជាមួយអាជ្ញាធរ​ លុបបំបាត់ ឬចាត់វិធានការ​ លើការវិនិយោគមិនស្របច្បាប់ និងនាំយកជំនឿចិត្ត ប្រជាពលរដ្ឋមកវិញ
យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨
ព្រឹកនេះវត្តមាននាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាលើកទី៣នៅលើទឹកដីកម្ពុជា
អណ្ដាតភ្លើង​ឆាបឆេះ​អតីត KTV យ៉ាង​សន្ធោសន្ធៅ ផ្អើល​ពលរដ្ឋ​ក្បែរ​ស្ដុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក