ឯកឧត្តម ស សុខា ស្នើដល់មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត

ឯកឧត្តម ស សុខា ស្នើដល់មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង “បានស្នើដល់មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត”។ ការលើកឡើងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ១ ៤១៧នាក់ ក្នុងស្រុកពោធិ៍រៀង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ។

ឯកឧត្តម ស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេង បានស្នើដល់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អោយបន្តខិតខំបម្រើ និងដោះស្រាយសំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវពង្រឹងការគោរពច្បាប់ វិន័យ សីលធម៌ វិជ្ជាជីវៈ បទបញ្ជាផ្ទៃក្នុង និងខិតខំលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួនស្របតាមទិសដៅ ផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់ក្រសួង ស្ថាប័ន អង្គភាពសាមី សំដៅធានាប្រសិទ្ធភាព និងនិរន្តរភាពការងាររដ្ឋគ្រប់ថ្នាក់ គ្រប់វិស័យ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានសង្កត់ធ្ងន់ថា ចំពោះការផ្តល់សេវាសាធារណៈផ្សេងៗ ត្រូវធ្វើឡើងដោយមានតម្លាភាព ចៀសវាងឲ្យខាងតែបាននូវការប្រកាន់បក្ខពួក ឬនិន្នាការនយោបាយ ។ សូមចងចាំថាការរើសអើស នឹងនាំទៅដល់ការបែកបាក់សាមគ្គីនៅក្នុងសង្គម និងអាចនាំឈានទៅដល់ការបែកបាក់ជាតិបាន។ យើងបានខិតខំរួមគ្នា ឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំតែឈានមកដល់ដំណាក់កាលរីកចម្រើនដូចជាសព្វថ្ងៃនេះ បើសិនជាបណ្តោយឲ្យប្រទេសជាតិបែកបាក់ ឬផ្ទុះសង្គ្រាមសារជាថ្មីនោះ អ្វីៗដែលយើងកំពុងមាននៅពេលនេះ នឹងអាចរលាយបាត់តែមួយពព្រិចភ្នែក។

ឯកឧត្តម ស សុខា បានបន្តទៀតថា តាមរយៈបទពិសោធដ៏សែនជូរចត់ដែលកម្ពុជារបស់យើងធ្លាប់ហែលកន្លងមក ខ្ញុំជឿជាក់ថា ប្រហែលជាលោកយាយ លោកតា ពុកម៉ែ អ៊ុ ពូមីង ដែលមានវត្តមាននៅទីនេះទាំងអស់ ចង់ឲ្យកើតជម្លោះបែកបាក់សារជាថ្មីទៀតនោះឡើយ។ ក្នុងន័យនេះដែរ ខ្ញុំសូមឲ្យមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រៅពីឆ្លើយតបនូវរាល់តម្រូវការរបស់ពលរដ្ឋមូលដ្ឋានហើយនោះ សូមព្យាយាមដកខ្លួនឲ្យឆ្ងាយពីអំពើអសកម្មនានាដែលបង្កឡើងដោយជនខិលខូច ក្រុមឱកាសនិយម និងសូមកុំចូលទៅពាក់ព័ន្ធនឹងអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ ការជួញដូរ ចែកចាយគ្រឿងញៀនឲ្យសោះ ត្រូវរួមគ្នាគោរព និងអនុវត្តច្បាប់ដើម្បីផ្តល់នូវភាពជាគំរូដល់ពលរដ្ឋ និងឈានទៅលើកកម្ពស់នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា កាន់តែប្រសើរថែមទៀត។
 
ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ថា ខេត្តព្រៃវែង ជាខេត្តមួយដែលមានកម្មករ ពលករចំណាកស្រុកច្រើន គួរឲ្យកត់សម្គាល់។ ជាក់ស្តែងយោងតាមតួលេខពីក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង បានឲ្យដឹងថា មានមនុស្សជិត ២សែននាក់ ក្នុងនោះមានស្ត្រីប្រហែលពាក់កណ្តាល បានចំណាកស្រុក ទាំងក្នុង និងក្រៅប្រទេស។ ក្នុងនោះមានកម្មករ ពលករចំណាកស្រុកក្រៅប្រទេស ជាង ២ម៉ឺននាក់ (ស្ត្រីជាង ៨ពាន់នាក់)។ ក្នុងន័យនេះឯកឧត្តម ស សុខា ស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ និងតាមដានស្ថានភាពជីវភាពរបស់បងប្អូនទាំងនោះ រួមទាំងធ្វើយ៉ាងណាធានាឲ្យបានថា បងប្អួនពលកររបស់យើង ចៀសផុតពីអំពើរំលោភបំពាន និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេសអំពើជួញដូរមនុស្ស ក៏ដូចជារំលោភបំពានផ្លូវភេទជាដើម៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម