ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សំណេះសំណាលនិងផ្ដល់ថវិកាជូនកម្លាំងរដ្ឋបាលខេត្តពោធិ៍សាត់ ដែលចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដឹកនាំកងកម្លាំងចំណុះគណៈបញ្ជាការឯកភាព ចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងជាមួយអាកាសយានិក ២រូប កាលពីថ្ងៃទី១២ ខែកក្កដា និងត្រូវបានរកឃើញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរប្រកបដោយក្ដីស្ញប់ស្ញែងខ្ពស់ចំពោះកម្លាំងប្រតិបត្តិការទាំងមូល និយាយជារួម និងដោយឡែកកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត ដែលជម្នះឧបសគ្គចូលរួមក្នុងកិច្ចប្រតិបត្តិការយ៉ាងសកម្ម តាំងពីដំបូង រហូតដល់ការបិទបញ្ចប់។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រមជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានបាត់បង់ស្វាមី កូន និងឪពុក ព្រមទាំងចូលរួមរំលែកទុក្ខជាមួយថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដែលបានបាត់បង់ធនធានមនុស្សដ៏ល្អក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាសនៃក្រសួងការពារជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានចាត់នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាំយកអំណោយ ទៅប្រគល់ជូនឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីគាំទ្រដល់បេសកកម្មរុករកឧទ្ធម្ភាគចក្រ រួមមាន អង្ករ ៧តោន ត្រីខកំប៉ុង ៤០កេសធំ មី ៣៥កេសធំ អាវភ្លៀង ១០០កំប្លេរ និងតង់ធំ ១ គិតជាទឹកប្រាក់សរុប ៤០លានរៀល៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម