ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតចំពោះសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា សារសំឡេងពន្យល់បន្ថែមរបស់សម្ដេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិ កាន់តែយល់ច្បាស់និងស៊ីជម្រៅលើ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍» នេះថា ៖ ទី១. មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ ទី២. មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ និងទី៣. មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៀតថា ផ្ទុយទៅវិញវាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ ត្រឡប់មកវិញ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA» បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖ ទី១. ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីន ទី២. ក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា និងទី៣. ក្លាយជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវទឹក បណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម។

ជាចុងក្រោយនៃសាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា សារពន្យល់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី កន្លងទៅ និងសម្ដេចតេជោ ហ៊ុន សែន នាពេលនេះ ល្មមឱ្យបងប្អូនយល់ និងចៀសបានពីការញុះញង់បោកបញ្ឆោតរបស់ក្រុមឱកាសនិយមខុសតម្រាទាំងនោះហើយ។ ខ្ញុំសូមទទូចដល់បងប្អូនជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា លើសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ដែលលោកតែងផ្ញើសារពន្យល់ប្រកបដោយព្រហ្មវិហារធម៌ និងទទូចដោយសន្តិវិធីឱ្យបញ្ឈប់ការឆ្កឹះឆ្កៀល ក៏ដូចជាបញ្ឈប់ការចូលរួមធ្វើសកម្មខុសច្បាប់នានាដើម្បីបំពេញមហិច្ឆតាដ៏ពិសពល់របស់ក្រុមណាមួយ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនោះ។ ទាំងនេះ ពុំមែនជាសេរីភាពបញ្ចេញមតិដែលច្បាប់ការពារនោះទេ គឺជាជំហានហួសបន្ទាត់ក្រហម ដែលជាបទល្មើសព្រហ្មទណ្ឌ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងរាជរដ្ឋាភិបាលទាំងមូល។ សូមបងប្អូន កុំលង់ខ្លួនក្លាយទៅជា«តេឡេ» សម្រាប់គេចុចបញ្ជាឱ្យធ្វើអ្វី«ចំអែតតណ្ហា»របស់ពួកគេ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម