ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោមស ខេង នាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាពចំនួន ៣០០គ្រួសារ
ព្រឹកថ្ងៃ សៅរ៏ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតខៀវ សុភ័គរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោមស ខេងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាពចំនួន ៣០០គ្រួសារ នៅឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតបានពាំនាំផ្ដាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់សម្ដេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ ជាទីបំផុតចំពោះសុខទុក្ខរបស់លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន កូនក្មួយ ទាំងអស់ ដូចពាក្យមួយ ពោលថា ទីណាមានទុក្ខទីនោះ មានសម្ដេចទាំងទ្វេមកជួយជាក់ជាមិនខានឡើយ ។
ក្រៅពីនោះឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតបានក្រើនរំលឹកដល់អភិបាលក្រុងស្រុក និងមន្រ្តីទាំងអស់ត្រូវណែនាំដល់ អាជ្ញាធរភូមិ-ឃុំ បន្តពង្រឹងការងារកំណត់អត្តសញ្ញាណគ្រួសារខ្វះខាត និងរងគ្រោះកំឡុងពេល ជំងឺកូវីដ ឱ្យ បានត្រឹមត្រូវមានតម្លាភាព និងសមធម៌បមានប្រសិទ្ធភាពខ្ពស់ មិនត្រូវឱ្យបញ្ចូលបក្សពួក ឬសាច់ញាតិ ដែល មិនមែនក្រីក្រ និងរងគ្រោះ ពិតប្រាកដ នោះឡើយ ។អាជ្ញាធរ ស្រុក ត្រូវ សហការ ជាមួយ មន្ទីរ ពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពចរាចរណ៍ ។
បញ្ចាក់ផងដែរ អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស,មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ និងថវិការមួយចំនួនផងដែរ។
ជាចុងក្រោយឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតគោរពជូនពរបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ សូមជួយប្រោះព្រំ ប្រទានពរជ័យដល់លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូន កូនក្មួយ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរជាងរយវស្សា ៕