សាលាឃុំផ្លូវទូក បានរៀបចំពិធី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំផ្លូវទូក អាណត្តិទី ៥ ក្រោមអធិបតីភាព លោក ពុំ សុផល អភិបាលរង នៃគណៈអភិបាលស្រុកកំពង់លែង ។
ព្រឹកថ្ងៃ ពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីប្រកាសសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី ៥ ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ពុំ សុផល អភិបាលរងនៃគណអភិបាលស្រុកកំពង់លែង ។
នៅសាលាឃុំផ្លូវទូក បានរៀបចំពិធី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំផ្លូវទូក អាណត្តិទី ៥ ក្រោមអធិបតីភាព លោកពុំ សុផល អភិបាលរង នៃគណៈអភិបាលស្រុកកំពង់លែង ។ ដោយមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ មេឃុំអាណត្តិចាស់ និងអាណត្តិថ្មី នាយ នាយរង មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិ អនុភូមិ សមាជិកភូមិ នាយកសាលា គណៈកម្មការទ្រទ្រង់សាលា តំណាង អង្គការសង្គមស៊ីវិល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមាននៅក្នុងស្រុក និងប្រជាការពារឃុំចូលរួម ។
ឆ្លៀតក្នុងឱកាសនោះ លោក ពុំ សុផល បានសំដែងនូវការចូលរួមអបអរសាទរ ចំពោះ សមាសភាពក្រុមប្រឹក្សាឃុំ ក្នុងអាណត្ដិទី៥ និងជំទប់ទី១ ជំទប់ទី២ ទាំងអស់ ដែលបានទទួល នូវការទំនុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ដែលបានប្រព្រឹត្តទៅប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ។
លោក ពុំ សុផល បានមានប្រសាសន៍ថាៈ ក្រុមប្រឹក្សាឃុំថ្មី អាណត្តិទី៥ ឆ្នាំ២០២២នេះ ត្រូវបន្តអនុវត្តលិខិតបទដ្ឋាននានា ដែលនៅជាធរមាន និងបន្តការងារដែលនៅសេសសល់ ពីអាណត្តិមុន ដោយក្រុមប្រឹក្សាថ្មី ត្រូវរក្សាឲ្យបាននូវវប្បធម៌ សាមគ្គីភាព សម្របសម្រួល កុំបែងចែកនិន្នាការនយោបាយ ហើយបំរើប្រជាពលរដ្ឋ ឲ្យបានប្រសើរឡើង បង្កើនទំនាក់ទំនង រវាងមន្ត្រី-មេឃុំ ឲ្យបានល្អ និងស្គាល់ពីសុខទុក្ខប្រជាពលរដ្ឋដើម្បីលើកកម្ពស់ការចូលរួម បំពេញការងារជាក្រុម របស់ក្រុមប្រឹក្សាទាំងអស់ តាមរយៈការដកពិសោធន៍ ពីគ្នាទៅវិញ ទៅមក។
សូមបញ្ជាក់ផងដែលថា ឃុំផ្លូវទូក ស្រុកកំពង់លែង មានចំនួន ៥អាសនៈ ហើយនៅក្នុងការប្រកួតប្រជែងការបោះឆ្នោតដែលបានកន្លងផុតទៅគណបក្សប្រជាជនកម្ពុជាទទួលបាន ៤អាសនៈ គណបក្សភ្លើងទៀន ទទួលបាន ១អាសនៈ។ ពេលចូលកាន់តំណែងថ្ងៃនេះគណបក្សប្រជាជនទទួលបាន ៤អាសនះ ជាមេឃុំមួយអាសនៈ ជំទប់ទីមួយ ១អាសនៈសមាជិកក្រុមប្រឹក្សាឃុំចំនួនៈ ២អាសនះ ចំណែកគណបក្សភ្លើងទៀន ទទួលបាន ១អាសនះគឺជំទប់ទី២។
ជាចុងបញ្ចប់លោក ពុំ សុផល បានផ្តាំផ្ញើរដល់សមាជិកក្រុមប្រឹក្សាឃុំផ្លូវទូក ត្រូវបន្ដអនុវត្ដការងារគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិចាស់ សំដៅធានាឲ្យមាននិរន្ដរភាព ក្នុងកិច្ចការរដ្ឋបាល និងការផ្ដល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ លើសេវាសាធារណៈ ឱ្យបានកាន់តែរហ័ស និងធ្វើការ សម្របសម្រួល លើបញ្ហាផ្សេងៗ ឱ្យមានតម្លាភាព ។ ត្រូវខិតខំលុបបំបាត់ នូវល្បែងស៊ីសង និងបទល្មើសផ្សេងៗ ដែលកើតមាន ក្នុងមូលដ្ឋានរបស់ខ្លួន និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាព នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៕