ឯកឧត្តម ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី “ការផ្សព្វផ្សាយ និងពិគ្រោះយោបល់លើការ ចូលរួមរបស់ ស.ស.យ.ក. ឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ តាមរយៈយុទ្ធការ Beyond The Games”
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា អនុប្រធានគណៈកម្មការទទួលបន្ទុកសហការ និងសម្របសម្រួលការងារជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី “ការផ្សព្វផ្សាយ និងពិគ្រោះយោបល់លើការចូលរួមរបស់ ស.ស.យ.ក. ឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ តាមរយៈយុទ្ធការ Beyond The Games” ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ អនុប្រធានគណៈកម្មការ ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការ នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus ។
សូមជម្រាបជូនថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំពិធីសម្ពោធ «យុទ្ធនាការ BeyondTheGames» នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគារ KAMPUS។
យុទ្ធនាការ #BeyondTheGames គឺជាយុទ្ធនាការរបស់យើងទាំងអស់គ្នា ដែលបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងភាពជាដៃគូសហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីអបអរសាទរ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីភាពជាម្ចាស់ផ្ទះរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងដើម្បីកៀរគរឲ្យមានការចូលរួមចំណែកពីប្រជាជនកម្ពុជាគ្រប់រូបក្នុងការលើកតម្កើងមោទកភាពជាតិ ឧត្តមភាព ភាពសម្បូរបែប និងសក្តានុពលរបស់កម្ពុជានាពេលបច្ចុប្បន្ន នៅលើឆាកជាតិ និងអន្តរជាតិ៕