ឯកឧត្តម ស សុខា ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាប្រធានគណៈកម្មាធិការអនុវត្តគម្រោងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាប្រធានគណៈកម្មាធិការអនុវត្តគម្រោងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ។ នេះបើយោងតាមសេចក្តីសម្រេចលេខ៥៧ សសរ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ និងត្រូវបានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ។

បើតាមរបាយការណ៍របស់ឯកឧត្តម ស សុខា មជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគោលដៅក្លាយជាមជ្ឈមណ្ឌលអប់រំគំរូមួយនៅកម្ពុជា ក្នុងការផ្តល់បណ្តុះសេវាកម្មអប់រំ និងបណ្តុះបណ្តាល ដែលធានាបាននូវប្រសិទ្ធភាព និងគុណភាព។

របាយការណ៍ដដែល ឯកឧត្តម ស សុខា បានគូសបញ្ជាក់អំពីទស្សនវិស័យ និងគោលបំណងសំខាន់ក្នុងការបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ គឺដើម្បីប្រមូលផ្តុំសេវាកម្មអប់រំ និងបណ្តុះបណ្តាល ដែលមានទំនាក់ទំនងគ្នាចាប់តាំងកម្រិតមត្តេយ្យសិក្សា ដល់ឧត្តមសិក្សា សំដៅផ្តល់ឱកាសសិក្សា និងភាពងាយស្រួលដល់កូនចៅប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅមូលដ្ឋាន ព្រមទាំងបង្កភាពងាយស្រួលក្នុងការអនុវត្តកម្មវិធីសិក្សា (បន្ស៊ីគ្នាពីកម្រិតមួយទៅកម្រិតមួយទៀត) ប្រើប្រាស់ធនធានមនុស្ស ធនធានរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ហើយសំខាន់ជាងនេះទៅទៀត គឺដើម្បីបណ្តុះសហគ្រិនភាពដល់យុវជនមូលដ្ឋានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ និងទីផ្សារផលិតផលក្នុងស្រុក។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ បានប្រមូលផ្តុំសេវាកម្មអប់រំសំខាន់ៗ ចំនួន ៥ផ្នែក ដូចខាងក្រោម ៖

ទី១. សាលាចំណេះទូទៅ ៖ ដែលរួមបញ្ចូលទាំងមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ មិនត្រឹមតែផ្តល់ឱកាសឱ្យកូនចៅប្រជាជនមូលដ្ឋាន និងមន្រ្តីរាជការ បានចូលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាសាលាអនុវត្តន៍សម្រាប់និសិ្សតនៅវិទ្យាស្ថានអប់រំ និងគរុកោសល្យ (ដែលនឹងបង្កើតនៅពេលអនាគត) ក្នុងការចុះកម្មសិក្សាបង្រៀន និងធ្វើតេស្តលើកម្មវិធីសិក្សាដែលបានអភិវឌ្ឍថ្មីៗ ដោយសាស្រ្តាចារ្យនិងអ្នកស្រាវជ្រាវ។ ការបញ្ចូលមតេ្តយ្យសិក្សា និងបឋមសិក្សា គឺជាដំណោះស្រាយដ៏ល្អមួយ សម្រាប់កូនចៅរបស់បុគ្គលិក សាស្រ្តាចារ្យ និងមន្ត្រីរាជការនៅស្រុកកំចាយមារ ហើយក៏ជាកត្តាទាក់ទាញសម្រាប់មន្ត្រីវ័យក្មេង និងបុគ្គលិកជាជនបរទេស ដែលមានសមត្ថភាព ឲ្យមករស់នៅ និងបម្រើការឲ្យមជ្ឈមណ្ឌលផងដែរ ។

ទី២. សាលាអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៖ ដែលបច្ចុប្បន្នកំពុងសាងសង់ក្រោមការជួយឧត្ថម្ភរបស់សប្បុរសជន នឹងផ្តល់ឱកាស ក៏ដូចជាជម្រើសដល់សិស្សានុសិស្សពីសាលាចំណេះទូទៅ ក្នុងការស្វែងរកជំនាញបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សាបច្ចុប្បន្ន(ដូចជា សិប្បកម្ម រោងចក្រ សហគ្រាស និងក្រុមហ៊ុនឧស្សាហកម្ម)។ សាលាក៏មានតួនាទីក្នុងការផ្តល់វគ្គសិក្សាខ្លីៗ ដែលចាំបាច់ដល់សហគមន៍ និងមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាពការងារ ឬអាជីវកម្ម ស្របតាមការវិវត្តបច្ចេកវិទ្យាថ្មីៗ។

ទី៣. មហាវិទ្យាល័យ និងវិទ្យាស្ថាន ៖ ផ្តល់ឱកាសដល់សិស្សចំណេះទូទៅទាំងនៅមូលដ្ឋាននិងពីខេត្តផ្សេងទៀត និងនិស្សិតបញ្ចប់ការសិក្សាពីសាលាអប់រំបច្ចេកទេសនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តការសិក្សាដើម្បីក្លាយជាអ្នកជំនាញ ឬឯកទេស សម្រាប់បំពេញតម្រូវការរទីផ្សាការងារ និងចូលរួមក្នុងការអភិវឌ្ឍ ទាំងក្នុងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ក៏ដូចជាសហគមន៍ ។

ទី៤. វិទ្យាស្ថានស្រាវជ្រាវនិងនវានុវត្តន៍ (Research & Innovation Institute) ៖ ដែលនឹងត្រូវបង្កើតថ្មី ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ច្នៃប្រឌិត និងធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូ ក៏ដូចជាដៃគូអភិវឌ្ឍដទៃទៀត នៅក្នុងប្រទេស និងក្រៅប្រទេស ។ លទ្ធផល ឬរបកគំហើញផ្នែកសង្គម នឹងជួយរាជរដ្ឋាភិបាល កំណត់បានច្បាស់លាស់អំពីបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋ និងមូលដ្ឋានកំពុងជួបប្រទះ ព្រមទាំងផ្តល់ជាអនុសាសន៍ដំណោះស្រាយសមស្រប។ ដោយឡែកការស្រាវជ្រាវលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងបង្កើតបានជាផលិតផលនិងស្នាដៃថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ។ លទ្ធផលស្រាវជ្រាវមួយចំនួន ជាពិសេសពីកសិកម្មនិងឧស្សាហកម្ម ដូចជាការបង្កាត់ឬផលិតពូជរុក្ខជាតិ សត្វ ជីនិងថ្នាំកសិកម្ម ការកែច្នៃបន្ថែមតម្លៃ ការបង្កើតគ្រឿងយន្តបម្រើអោយវិស័យកសិកម្ម និងឧស្សាហកម្ម ប្រព័ន្ធឌីជីថលគ្រប់គ្រងកសិដ្ឋាន និងអាជីវកម្មជាដើម គឺជាចលករក្នុងការជំរុញអោយមានការបង្កើតអាជីវកម្មថ្មីៗ។

ទី៥. វិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាពនិងបណ្តុះបណ្តាលធុរៈកិច្ច (Entrepreneurship Development and Incubation Institute) ៖ ដែលនឹងត្រូវសាងសង់ថ្មី ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលសហគ្រិនភាពដល់និស្សិត ទាំងកំពុងសិក្សា និងក្រោយបញ្ចប់ការសិក្សា និងយុវជនពីខាងក្រៅ។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឧស្សាហកម្ម និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរៈកិច្ច នៅក្រៅប្រទេស និស្សិត នឹងត្រូវបានផ្តល់ឱកាសអោយហាត់ការអំពីការធ្វើអាជីវកម្ម នៅក្នុងមជ្ឈមណ្ឌល ក្រោមការណែនាំពីសាស្រ្តាចារ្យ និងធុរកិច្ចជនដែលមានបទពិសោធន៍ មុននឹងចេញទៅប្រកបអាជីវកម្ម ដោយខ្លួនឯង។ មជ្ឈមណ្ឌលនេះ ក៏នឹងផ្តល់ឱកាសអោយសហគ្រិនវ័យក្មេងរបស់យើង ទៅផ្លាស់ប្តូរបទពិសោធន៍ជាមួយសាកលវិទ្យាល័យ ចំនួន ៩ផ្សេងទៀត នៅបណ្តាប្រទេសអាស៊ាននិងអាហ្វ្រិក ក្រោមកិច្ចសម្របសម្រួលរបស់សាកលវិទ្យាល័យ Asian Pacific University នៅប្រទេសម៉ាឡេស៊ី៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA