ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញបិទវគ្គសិក្សាស្តីពី”ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
ភ្នំពេញ ៖ ល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានអញ្ជើញជាអធិបតីពិធីបិទវគ្គសិក្សាស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” ក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី រៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” ដោយឥតគិតថ្លៃ ជូនដល់សិក្ខាកាម ៣៩១អង្គ/នាក់ ដែលនិមន្ត និងអញ្ជើញមកពីតាមបណ្តារាជធានី ខេត្ត ស្ថាប័នរដ្ឋ ឯកជន អង្គភាពសារព័ត៌មាននានា ។
ថ្លែងក្នុងឱកាសនោះដែរឯកឧត្តម អ៊ូ វណ្ណា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ដែលទទួលបានពីការចែករំលែករបស់វាគ្មិនទាំង ៤រូប ក្នុងវគ្គសិក្សានេះ ទៅអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាពខ្លួន និងចូលរួមពង្រឹងគុណភាពនិងការផ្សព្វផ្សាយនៅកម្ពុជា ។ ជាងនេះទៅទៀត ឯកឧត្តម អ៊ូ វណ្ណា ក៏ស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ គោរពវិជ្ជាជីវៈរបស់ខ្លួន គោរពសិទ្ធិបុគ្គលឯកជន គោរពច្បាប់រដ្ឋ ពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន និងកុំបំពុលសង្គមឲ្យសោះ។
វគ្គសិក្សាស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” នេះ មានរយៈពេល ១ថ្ងៃពេញ និងមានការចូលរួមចែករំលែកបទពិសោធពីសំណាក់វាគ្មិន ចំនួន ៤រូប រួមមាន ៖ ទី១. លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អគ្គនាយករងសារព័ត៌មានត្រយង និងជាប្រធានសមាគមពិធីករ ពិធីការិនីកម្ពុជា ទី២. លោក ប៊ិន ប៊ុណ្ណា និពន្ធនាយកសារព័ត៌មានត្រយង លោក រ៉េន រតនៈ នាយករងផ្នែកព័ត៌មានសន្តិសុខសង្គមនៃសារព័ត៌មានត្រយង និងលោកសាស្ត្រាចារ្យ ស៊ូ តារា ទីប្រឹក្សាច្បាប់ក្រុមហ៊ុនមេធាវី អឹម អ ធី ។
សូមបញ្ជាក់ថា វគ្គសិក្សានេះរៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សហការជាមួយសាកលវិទ្យាល័យធនធានមនុស្ស សារព័ត៌មានត្រយង និងក្រុមហ៊ុនមេធាវី អឹម អ ធី នៅទីតាំងសាកលវិទ្យាល័យធនធានមនុស្ស ។
បើតាមឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានបញ្ជាក់ថា សមាគមនឹងបន្តបើកវគ្គសិក្សាមួយចំនួនទៀតជូនដល់សមាជិក សមាជិកា សិស្ស និស្សិត យុវជន យុវនារី ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី រួមមាន ៖ វគ្គពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់នានា និងជំនាញអភិវឌ្ឍធនធានមនុស្សផ្សេងៗទៀត៕